រដ្ខាភិបាលផ្តល់ភ្លើងខៀវលើម្រោងអភិវឌ្ឍន៍តម្លៃ២៣,២ពាន់លានដុល្លារនៅខេត្តកំពត

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍មួយដែលមានតម្លៃរហូតដល់ទៅ ២៣.២ ពាន់លានដុល្លារ នៅភាគខាងត្បូងនៃប្រទេសកម្ពុជា ។

លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិ របស់ក្រុមហ៊ុន Pallas Group បានឱ្យដឹងនៅថ្ងៃព្រហស្បន៍នេះថា ក្រុមហ៊ុនរបស់លោកដែលមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពតនិងនៅខេត្តកែប សម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច និងតំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះ ជាដើម ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតហើយកាលពីថ្ងៃទី ១២ ខែតុលា ហើយការសាងសង់គ្រោងនឹងចាប់ផ្តើមក្នុងខែមីនាឆ្នាំក្រោយ។

លោក សុផាន់ណា បាននិយាយថា នេះជាគម្រោងទីមួយដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដែលមានទំហំធំ លំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេសមកពីគ្រប់តំបន់ជុំវិញពិភពលោក។

យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចលនទ្រពអន្តរជាតិ នឹងវិនិយោគលើផ្ទៃដីចំនួន ៤,១៥៨ ហិកតានៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន ១៤៤ ហិកតា។ ទីរួមខេត្តកំពតមានចំងាយ១៤៨ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងភ្នំពេញ រីឯខេត្តកែបមានចំងាយ១៧០ គីឡូម៉ែត្រ ។

ក្រុមហ៊ុនេះក៏កំពុងសំឡឹងមើលទៅប្រទេសថៃ និងវៀតណាម សំរាប់គម្រោងស្រដៀងគ្នានេះដែរ។

french

កញ្ញា Siriluck Choochart ប្រធានក្រុមហ៊ុន បាននិយាយថា គម្រោង “French Riviera Marina នៅខេត្តកំពត និង Kep Marina នៅខេត្តកែប នឹងក្លាយជាគោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត។ ក្រុមហ៊ុន Pallas នឹងបង្កើតការងារជាង ៥ម៉ឺនកន្លែងក្នុងអំឡុងពេលសាងសង់ និងរាប់ពាន់នាក់ក្រោយពេលការអភិវឌ្ឍន៍ធ្វើរួចរាល់”។

កញ្ញាបានបន្ថែមថា “គំរោងនីមួយៗត្រូវបានបង្កើតឡើងដើម្បីឱ្យស៊ីគ្នាទាំងស្រុង ជាមួយនឹងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកំរិតខ្ពស់បំផុត ហើយគំរោងទាំងនោះនឹងក្លាយជាសំណង់ដែលល្អជាងគេបង្អស់ និងយ៉ាងប្រណិត”។

បើយោងតាមផែនការ សហគមន៍ French Riviera នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព ដែលក្នុងនោះរួមមាន សណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសំរាប់លេងទឹក ឆ្នេរសមុទ្រសិប្បនិមិ្មត និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល  កំពង់ផែសំរាប់លំហែកំសាន្ត ឧទ្យានសំរាប់លេងកំសាន្ត  ហាងលក់សំលៀកបំពាក់ និងកន្លែងជាច្រើនទៀត ។ សហគមន៍នេះក៏នឹងមានសាលារៀន និងមជ្ឈមណ្ឌលកីឡា ហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។

ចំនួនភ្ញៀវទេសចរបរទេសមកប្រទេសកម្ពុជានៅឆ្នាំ២០១៥ មានចំនួនជិត ៥លាននាក់ ហើយភាគច្រើនបានទៅទស្សនាខេត្តសៀមរាប ដើម្បីទស្សនាប្រាងប្រាសាទអង្គរវត្ត ។

លោក សុផាន់ណា បាននិយាយថា នៅពេលគម្រោងថ្មីនេះរួចរាល់ អ្នកទេសចរបរទេសអាចស្នាក់នៅប្រទេសកម្ពុជាយូរជាងមុន ដោយសារពួកគេមានកន្លែងច្រើនដើម្បីទស្សនា និងស្នាក់នៅ។

ដោយប្រើប្រាស់វិធីសាស្ត្រសាងសង់ដ៏ទំនើប រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគក្នុងទីតាំងមួយទៀតនៅខេត្តសៀមរាបផងដែរ។

french2

french1