រាជរដ្ឋាភិបាលផ្តល់ភ្លើងខៀវ លើម្រោងអភិវឌ្ឍតម្លៃ ២៣.២ពាន់លានដុល្លារ របស់ក្រុមហ៊ុន Pallas Group នៅខេត្តកំពត ដែលចាប់ផ្ដើមនៅឆ្នាំក្រោយ

(កំពត)៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ភ្លើងខៀវ ដល់គម្រោងអភិវឌ្ឍន៍មួយ របស់ក្រុមហ៊ុន Pallas Group ដែលមានតម្លៃរហូតដល់ទៅ ២៣.២ពាន់លានដុល្លារ នៅខេត្តភាគខាងត្បូង នៃប្រទេសកម្ពុជា គឺខេត្តកំពត។

លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិ របស់ក្រុមហ៊ុន Pallas Group បានឱ្យដឹងនៅ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ថា ក្រុមហ៊ុនរបស់លោក ដែលមានគម្រោងអភិវឌ្ឍន៍នៅខេត្តកំពត និងនៅខេត្តកែប សម្រាប់ធ្វើជាតំបន់រស់នៅ តំបន់ធុរកិច្ច តំបន់ទេសចរណ៍ និងអគារលំហែកាយ ដូចជាស្ទូឌីយោខ្សែភាពយន្ត មជ្ឈមណ្ឌលជិះសេះ ជាដើម ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត ហើយកាលពីថ្ងៃទី១២ ខែតុលាកន្លងទៅថ្មីៗនេះ ហើយការសាងសង់គ្រោងនឹងចាប់ផ្តើម ក្នុងខែមីនាឆ្នាំក្រោយ។ លោក ឈាង សុផាន់ណា បានបន្ថែមថា នេះជាគម្រោងទីមួយ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដែលមានទំហំធំ លំដាប់អន្តរជាតិ និងសំដៅទទួលយកភ្ញៀវបរទេស មកពីគ្រប់តំបន់ជុំវិញពិភពលោក។

យោងតាមឯកសាររបស់ក្រុមហ៊ុនបានបង្ហាញថា Pallas Group ជាក្រុមហ៊ុនអចលនទ្រពអន្តរជាតិ និងវិនិយោគលើផ្ទៃដីចំនួន ៤,១៥៨ ហិចតា នៅខេត្តកំពត និងមួយទៀតនៅក្នុងខេត្តកែប លើផ្ទៃដីចំនួន១៤៤ ហិចតា ហើយក្រុមហ៊ុនេះ ក៏កំពុងសំឡឹងមើលទៅប្រទេសថៃ និងវៀតណាម សម្រាប់គម្រោងស្រដៀងគ្នានេះដែរ។

កញ្ញា Siriluck Choochart ប្រធានក្រុមហ៊ុន បានថ្លែងថា គម្រោង «French Riviera Marina នៅខេត្តកំពត និងKep Marina នៅខេត្តកែប នឹងក្លាយជាគោលដៅជាអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត ហើយក្រុមហ៊ុន Pallas នឹងបង្កើតការងារជាង ៥ម៉ឺនកន្លែង ក្នុងអំឡុងពេលសាងសង់ និងរាប់ពាន់នាក់ ក្រោយពេលការអភិវឌ្ឍន៍ធ្វើរួចរាល់»។ កញ្ញា បានបន្ថែមថា គំរោងនីមួយៗ ត្រូវបានបង្កើតឡើង ដើម្បីឲ្យស៊ីគ្នាទាំងស្រុង ជាមួយនិងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកំរិតខ្ពស់បំផុត ហើយគំរោងទាំងនោះ នឹងក្លាយជាសំណង់ដែលល្អជាងគេបង្អស់ និងយ៉ាងប្រណិត។

បើយោងតាមផែនការ សហគមន៍ French Riviera នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព ដែលក្នុងនោះរួមមាន សណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសំរាប់លេងទឹក ឆ្នេរសមុទ្រសិប្បនិមិ្មត និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល កំពង់ផែ សម្រាប់លំហែកំសាន្ត ឧទ្យានសម្រាប់លេងកំសាន្ត ហាងលក់សំលៀកបំពាក់ និងកន្លែងជាច្រើនទៀត ហើយសហគមន៍នេះ ក៏មានសាលារៀន មជ្ឈមណ្ឌលកីឡា ហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។

ជាមួយគ្នានោះដែរ លោក ឈាង សុផាន់ណា ប្រធានផ្នែកលក់អន្តរជាតិ របស់ក្រុមហ៊ុន Pallas Group បានបញ្ជាក់ឡើងវិញថា នៅពេលគម្រោងថ្មីនេះរួចរាល់ អ្នកទេសចរណ៍ បរទេសអាចស្នាក់នៅប្រទេសកម្ពុជាយូរជាងមុន ដោយសារពួកគេមានកន្លែងច្រើនដើម្បីទស្សនា និងស្នាក់នៅ។ ដោយប្រើប្រាស់វិធីសាស្ត្រសាងសង់ដ៏ទំនើប រួមជាមួយនឹងបច្ចេកវិទ្យាថ្មីៗ ក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគក្នុងទីតាំងមួយទៀត នៅខេត្តសៀមរាបផងដែរ៕

french

french1

french2

(Source: http://m.freshnewsasia.com)